កម្ពុជាស្នើបង្កើតបណ្តាញហ្វ្រង់កូហ្វូនី ដើម្បីបង្ការជម្លោះ និងពង្រឹងការសម្របសម្រួល

Résumé détaillé
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើបង្កើតបណ្តាញហ្វ្រង់កូហ្វូនី សម្រាប់ការបង្ការជម្លោះ និងការសម្របសម្រួល ដោយប្រមូលផ្តុំអ្នកការទូត អ្នកជំនាញ…
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើបង្កើតបណ្តាញហ្វ្រង់កូហ្វូនី សម្រាប់ការបង្ការជម្លោះ និងការសម្របសម្រួល ដោយប្រមូលផ្តុំអ្នកការទូត អ្នកជំនាញ និងស្ថាប័ននានារបស់ប្រទេសសមាជិក ដើម្បីជំរុញការសន្ទនា និងទប់ស្កាត់ជម្លោះមុនពេលឈានដល់ការប្រឈមមុខដាក់គ្នា។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការបង្ការជម្លោះតាំងពីដំណាក់កាលដំបូងមានសារៈសំខាន់ជាងការរង់ចាំដោះស្រាយផលវិបាកក្រោយពេលសង្គ្រាមកើតឡើង។ សម្ដេចស្នើឱ្យបង្កើតបណ្តាញហ្វ្រង់កូហ្វូនីមួយ ដែលអាចភ្ជាប់អ្នកការទូត អ្នកជំនាញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីជួយសម្របសម្រួលការសន្ទនាតាមសំណើរបស់ប្រទេសសមាជិក។
សម្ដេចធិបតីបានបញ្ជាក់ថា៖ «បណ្តាញនេះនឹងជួយសម្រួលដល់ការសន្ទនា មុនពេលជម្លោះឈានទៅដល់ការប្រឈមមុខដាក់គ្នា ដោយសង្កត់ធ្ងន់ថា ការបង្ការជម្លោះតែងតែចំណាយតិចជាងការកសាងប្រទេសឡើងវិញក្រោយសង្គ្រាម»។
បើតាមសម្ដេចនាយករដ្ឋមន្ត្រី ការបន្តនិយាយពីសន្ដិភាពរបស់កម្ពុជា ក៏ព្រោះប្រទេសនេះធ្លាប់ឆ្លងកាត់សង្គ្រាម និងបានយល់ពីតម្លៃនៃសន្តិភាព ដោយបានរំលឹកពីសារៈសំខាន់នៃការបង្កើតទំនុកចិត្ត ការសន្ទនា និងការគោរពច្បាប់អន្តរជាតិ ដើម្បីធានាស្ថិរភាពយូរអង្វែង។
សំណើនេះក៏ស្របទៅនឹងសាររបស់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រោមប្រធានបទ «វិនិយោគឡើងវិញលើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការរក្សាសន្តិភាព។
ជាមួយគ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) ដែលបានថ្លែងតាមប្រព័ន្ធអនឡាញក្នុងពិធីបើកកិច្ចប្រជុំកំពូល ក៏បានអំពាវនាវឱ្យប្រទេសនានាគាំទ្រការទូត ការពារច្បាប់អន្តរជាតិ និងពង្រឹងពហុភាគីនិយម ដើម្បីជំរុញសន្តិភាព។
លោក ហ្គូទែរ៉េស បានលើកឡើងថា សហគមន៍ហ្វ្រង់កូហ្វូនីមានតួនាទីសំខាន់ក្នុងការលើកកម្ពស់សន្តិភាព ដោយចាត់ទុកភាសារួមថាជាមូលដ្ឋាននៃទំនុកចិត្តរវាងប្រទេសសមាជិក។
សំណើរបស់កម្ពុជានេះបង្ហាញពីបំណងចង់ពង្រីកតួនាទីរបស់ហ្វ្រង់កូហ្វូនី មិនត្រឹមតែជាសហគមន៍ដែលមានភាសា និងវប្បធម៌រួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាសម្រាប់ការទូត ការបង្ការជម្លោះ និងការកសាងសន្តិភាពផងដែរ៕
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)